លក្ខខណ្ឌប្រើប្រាស់បន្ថែមរបស់ Google One

បាន​កែប្រែ​ចុង​ក្រោយ៖ 11 វិច្ឆិកា 2025 |

ដើម្បីប្រើប្រាស់ Google One អ្នកត្រូវតែទទួលយក (1) លក្ខខណ្ឌ​ប្រើប្រាស់ Google និង (2) លក្ខខណ្ឌ​ប្រើប្រាស់បន្ថែមរបស់ Google One ទាំងនេះ (“លក្ខខណ្ឌ​បន្ថែម”)។ ពាក្យដែលមិនបានកំណត់និយមន័យនៅក្នុងលក្ខខណ្ឌបន្ថែមទាំងនេះមានអត្ថន័យដូចដែលបានកំណត់នៅក្នុងលក្ខខណ្ឌ​ប្រើប្រាស់ Google។

សូមអានឯកសារទាំងនេះ​ដោយប្រុងប្រយ័ត្ន។ ឯកសារទាំងនេះរួមគ្នាត្រូវបានស្គាល់ថាជា “លក្ខខណ្ឌ”។ ឯកសារទាំងនេះថ្លែងអំពីអ្វីដែលអ្នកអាចរំពឹងទុកពីយើង នៅពេលអ្នកប្រើប្រាស់សេវាកម្មរបស់យើង និងអ្វីដែលយើងរំពឹងទុកពីអ្នក។

យើងក៏លើកទឹកចិត្តឱ្យអ្នកអានគោលការណ៍​ឯកជនភាពរបស់យើង ដើម្បីយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលអ្នកអាចធ្វើបច្ចុប្បន្នភាព គ្រប់គ្រង នាំចេញ និងលុបព័ត៌មានរបស់អ្នកដែរ

1. សេវាកម្មរបស់យើង

Google One ផ្ដល់ជូនគម្រោងជាវដែលចែករំលែកទំហំផ្ទុកគិតថ្លៃនៅក្នុង Gmail, Google រូបថត និង Google ថាស រួមទាំងគម្រោងជាវដែលមានអត្ថប្រយោជន៍បន្ថែមដែលត្រូវបានផ្ដល់ឱ្យអ្នកដោយ Google ឬតាមរយៈភាគីទីបី។ Google One ក៏ផ្ដល់ជូនគម្រោងជាវ និងក្រេឌីត AI សម្រាប់ការចូលប្រើគិតថ្លៃទៅកាន់មុខងារ AI មួយចំនួនដែលបង្កើតឡើងដោយ Google ផងដែរ។ ការប្រើប្រាស់អត្ថប្រយោជន៍បន្ថែមពី Google ឬភាគីទីបីរបស់អ្នកត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌប្រើប្រាស់ដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ទាំងនោះ។ អត្ថប្រយោជន៍មួយចំនួនប្រហែលជាមិនអាចប្រើបាន​នៅគ្រប់ប្រទេស​ទេ និងអាចស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត។ សូមចូលទៅកាន់មជ្ឈមណ្ឌល​ជំនួយ Google One ដើម្បីទទួលបានព័ត៌មានបន្ថែម។

សេវាកម្ម Google One ត្រូវបានផ្ដល់ជូនអ្នកដោយស្ថាប័ន Google ដែលមានចែងក្នុងលក្ខខណ្ឌ​ប្រើប្រាស់ Google។ នៅពេលអ្នកទិញក្រេឌីត AI ឬជាវ Google One ដោយគិតថ្លៃ មានន័យថា អ្នកចុះកិច្ចសន្យាដាច់ដោយឡែកជាមួយអ្នកលក់ដែលអាចជាស្ថាប័ន Google (សូមមើលផ្នែកទី 2) ឬភាគីទីបី។ ប្រសិនបើអ្នកមានការជាវ Google One តាមរយៈភាគីទីបី ឬក្រុមហ៊ុនសម្ព័ន្ធ នោះការជាវរបស់អ្នកអាចស្ថិតនៅក្រោមលក្ខខណ្ឌបន្ថែមពីភាគីទីបី ឬក្រុមហ៊ុនសម្ព័ន្ធនោះ។

ក្រេឌីត AI

អ្នកអាចប្រើក្រេឌីត AI ដើម្បីបើក និងដំណើរការសំណើរបស់អ្នកនៅក្នុងមុខងារ AI ដែលបានកំណត់។ អ្នកនឹងទទួលបានការជូនដំណឹងអំពីចំនួនក្រេឌីតដែលចាំបាច់សម្រាប់សកម្មភាពជាក់លាក់ (ឧ. ការបង្កើតវីដេអូ) នៅក្នុងផលិតផល ឬមុខងារដែលពាក់ព័ន្ធ។ Google រក្សាសិទ្ធិក្នុងការកែប្រែថ្លៃក្រេឌីតសម្រាប់ការប្រើប្រាស់មុខងារ AI។ ក្រេឌីត AI អាចត្រូវបានប្រើប្រាស់ ដើម្បីចូលប្រើមុខងារ AI ជាក់លាក់ដែលអាចត្រូវបានផ្ដល់ជូនដោយ Google ម្ដងម្កាល។

ក្រេឌីត AI អាចផុតកំណត់បន្ទាប់ពីរយៈពេលជាក់លាក់ ដូចដែលបានកំណត់នៅពេលអ្នកទិញក្រេឌីត។

អ្នកមិនមានសិទ្ធិ ឬកម្មសិទ្ធិលើក្រេឌីត AI ទេ លើកលែងតែដូចដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌទាំងនេះ។ អ្នកមិនអាចលក់ ឬផ្ទេរក្រេឌីត AI ទៅអ្នកប្រើប្រាស់ ឬគណនីផ្សេងទៀត ឬក៏ព្យាយាមលក់ ឬផ្ទេរក្រេឌីត AI បានទេ។ នៅពេលអ្នកទិញក្រេឌីត AI អ្នកកំពុងទូទាត់ជាមុនសម្រាប់ការប្រើប្រាស់មុខងារ AI មួយចំនួនដែលបានកំណត់។ ក្រេឌីត AI មិនមែនជាទំនិញ មូលបត្រ រូបិយប័ណ្ណឌីជីថល ឬឧបករណ៍ហិរញ្ញវត្ថុប្រភេទណាមួយផ្សេងទៀត ព្រមទាំងមិនអាចប្ដូរយកជាសាច់ប្រាក់បានទេ។ ក្រេឌីត AI គឺអាចប្ដូរបានសម្រាប់តែមុខងារ AI ដែលបានបញ្ជាក់នៅក្នុងស្ថានប្រព័ន្ធ Google ប៉ុណ្ណោះ។ ក្រេឌីត AI ដែលមិនបានប្រើអាចត្រូវបានបោះបង់ចោល នៅពេលបញ្ឈប់ ឬលុបចោលគម្រោង Google One របស់អ្នក ដោយអនុលោមតាមគោលការណ៍បង្វិលសងដែលពាក់ព័ន្ធ។

ស្វែងយល់បន្ថែមអំពីក្រេឌីត AI នៅទីនេះ

2. ការជាវ និងការទូទាត់

ការជាវ Google One មានរយៈពេលមិនកំណត់ ហើយអ្នកនឹងត្រូវបានគិតប្រាក់នៅដើមដំបូងនៃខួប​ទូទាត់​ប្រាក់នីមួយៗ យោងទៅតាមលក្ខខណ្ឌនៃការជាវរបស់អ្នក (ឧទាហរណ៍ ប្រចាំខែ ប្រចាំឆ្នាំ ឬរយៈពេលផ្សេងទៀត) លើកលែងតែអ្នកឈប់​ជាវ។

នៅពេលអ្នកជាវ Google One ឬក្រេឌីត AI ដោយគិតថ្លៃ ការជាវរបស់អ្នកនឹងស្ថិតនៅក្រោមលក្ខខណ្ឌដាច់ដោយឡែកពីអ្នកលក់។ ឧទាហរណ៍ នៅពេលអ្នកចុះឈ្មោះសម្រាប់ការជាវ Google One ឬជាវក្រេឌីត AI តាមរយៈ Google Play Store ការជាវរបស់អ្នកនឹងស្ថិតក្រោមលក្ខខណ្ឌ​ប្រើប្រាស់ Google Play

អ្នកលក់សម្រាប់ការជាវ Google One ឬក្រេឌីត AI របស់អ្នកដោយគិតថ្លៃតាមរយៈ Google Play Store គឺ៖

  • សម្រាប់អ្នក​ប្រើប្រាស់នៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រ៊ិក៖ Google Commerce Limited
  • សម្រាប់អ្នក​ប្រើប្រាស់នៅឥណ្ឌា៖ Google Ireland Limited
  • សម្រាប់អ្នក​ប្រើប្រាស់នៅផ្នែកផ្សេងទៀតនៃអាស៊ី ប៉ាស៊ីហ្វិក៖ Google Digital Inc.
  • សម្រាប់អ្នក​ប្រើប្រាស់នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក៖ Google LLC។

នៅពេលអ្នកជាវ Google One ឬក្រេឌីត AI ដោយគិតថ្លៃតាមរយៈភាគីទីបី ឬក្រុមហ៊ុនសម្ព័ន្ធ ភាគីទីបី ឬក្រុមហ៊ុនសម្ព័ន្ធនោះនឹងគិតថ្លៃតាមវិធីបង់ប្រាក់របស់អ្នក ហើយទទួលខុសត្រូវចំពោះការគ្រប់គ្រងបញ្ហាពាក់ព័ន្ធនឹងការទូទាត់របស់អ្នក រួមទាំងការលុបចោល និងការបង្វិលសង។

ប្រសិនបើអ្នកលក់មិនអាចគិតថ្លៃអ្នកសម្រាប់ការជាវ Google One ទេ អ្នកប្រហែលជាមិនអាចចូលប្រើ Google One បានទេ រហូតទាល់តែអ្នកធ្វើបច្ចុប្បន្នភាពទម្រង់ទូទាត់ប្រាក់របស់អ្នកជាមួយអ្នកលក់។ ប្រសិនបើអ្នកមិនអាចធ្វើបច្ចុប្បន្នភាពទម្រង់ទូទាត់ប្រាក់របស់អ្នកក្នុងរយៈពេលសមស្របបន្ទាប់ពីការជូនដំណឹងនោះ យើងអាចលុបចោល ឬផ្អាកការចូលប្រើ Google One របស់អ្នក។

3. តម្លៃ និងការផ្ដល់ជូន

ការផ្ដល់ជូន។ យើងអាចផ្ដល់ជូនការសាកល្បងសម្រាប់ការជាវ Google One ដោយ​ឥត​គិត​ថ្លៃម្ដងម្កាល។ ប្រសិនបើអ្នកជាវ Google One ដោយគិតថ្លៃ ដែលរួមបញ្ចូលការសាកល្បង អ្នកនឹងទទួលបានសិទ្ធិចូលប្រើ Google One សម្រាប់រយៈពេល​សាកល្បង។ នៅចុងបញ្ចប់នៃរយៈពេល​សាកល្បង និងក្នុងវិសាលភាពដែលអនុញ្ញាតដោយច្បាប់ជាធរមាន អ្នកនឹងត្រូវបានគិត​ថ្លៃដោយស្វ័យប្រវត្តិក្នុងរយៈពេល​​ទូទាត់ប្រាក់នីមួយៗ ប្រសិនបើអ្នកបានផ្ដល់ទម្រង់ទូទាត់ប្រាក់ដែលត្រឹមត្រូវដល់អ្នកលក់ ហើយនឹងបន្តគិត​ថ្លៃរហូត​ទាល់តែ​អ្នក​លុបចោល​ការជាវ​របស់​អ្នក។ ដើម្បីជៀសវាងការគិតថ្លៃណាមួយ អ្នកត្រូវតែលុបចោលការជាវរបស់អ្នកជាមួយអ្នកលក់​មុន​ចុង​បញ្ចប់នៃ​រយៈពេល​សាកល្បង​។ យើងក៏អាចផ្ដល់ជូនការបញ្ចុះតម្លៃលើការជាវ Google One ម្ដងម្កាល។ លក្ខខណ្ឌបន្ថែម រួមទាំងលក្ខខណ្ឌទទួលបានអាចអនុវត្តចំពោះការផ្ដល់ជូនទាំងនេះ ហើយលក្ខខណ្ឌបន្ថែមបែបនេះនឹងមានផ្ដល់ជូនអ្នកមុនពេលប្ដូរ ឬជាវ។ ការផ្ដល់ជូននេះត្រូវទុកជាមោឃៈ ប្រសិនបើមានការហាមឃាត់ ឬការដាក់កំហិតដោយច្បាប់ជាធរមាន។

ការផ្លាស់ប្ដូរទៅលើតម្លៃ។ យើងអាចផ្លាស់ប្ដូរតម្លៃសម្រាប់ការជាវ Google One ឬក្រេឌីត AI ម្ដងម្កាល ឧទាហរណ៍ ដើម្បីឆ្លុះបញ្ចាំងអំពីអតិផរណា ការផ្លាស់ប្ដូរតម្លៃដោយសារការផ្លាស់ប្ដូរពន្ធ ការផ្លាស់ប្ដូរសម្រាប់ការផ្ដល់ជូនប្រូម៉ូសិនពិសេស ការផ្លាស់ប្ដូរនានាលើ Google One ឬការផ្លាស់ប្ដូរតម្រូវការអាជីវកម្ម។ សម្រាប់ការផ្លាស់ប្ដូរតម្លៃចំពោះការជាវ Google One ការផ្លាស់ប្ដូរទាំងនេះនឹងអនុវត្តបន្ទាប់​ពី​រយៈ​ពេល​បង់ប្រាក់​បច្ចុប្បន្ន​របស់​អ្នកចប់ និងនៅ​ពេល​អ្នក​ដល់​កំណត់​បង់ប្រាក់​នៅ​លើក​ក្រោយ បន្ទាប់​ពី​ការជូន​ដំណឹង។ យើង​នឹង​ជូន​ដំណឹង​ដល់​អ្នក​យ៉ាង​ហោច​ណាស់ 30 ថ្ងៃ​ជា​មុន​អំពី​ការកើនឡើង​នៃ​តម្លៃ មុន​ពេល​គិត​ថ្លៃ​ពី​អ្នក។ ប្រសិន​បើ​អ្នក​ទទួល​បាន​ការជូន​ដំណឹង​ជា​មុន​តិច​ជាង 30 ថ្ងៃ ការផ្លាស់ប្ដូរ​នឹង​មិន​អនុវត្ត​ទេ រហូត​ទាល់​តែ​ដល់​ពេល​កំណត់​នៃ​ការបង់ប្រាក់​ក្រោយ​ពី​ការបង់ប្រាក់​បន្ទាប់។ ប្រសិនបើអ្នកមិនចង់បន្តជាមួយការជាវ Google One របស់អ្នកក្នុងតម្លៃថ្មីទេ អ្នកអាចលុបចោលការជាវនេះបានដូចដែលបានរៀបរាប់ក្នុងផ្នែក "ការលុបចោល" នៃលក្ខខណ្ឌទាំងនេះ ហើយអ្នកនឹងមិនត្រូវបានគិតថ្លៃបន្ថែមពីការជាវនេះទេ ក្នុងករណីដែលអ្នកបានជូនដំណឹងដល់យើងមុនពេលដែលរយៈពេល​​ទូទាត់ប្រាក់បច្ចុប្បន្នចប់។ ក្នុងករណីដែលតម្លៃកើនឡើង ហើយតម្រូវឱ្យមានការយល់ព្រម នោះការជាវរបស់អ្នកនឹងត្រូវបានលុបចោល ប្រសិនបើអ្នកមិនយល់ព្រមតាមតម្លៃថ្មីនោះទេ។

4. ការលុបចោល និងការបង្វិលសង

ការលុបចោល និងការដកការយល់ព្រម។ ប្រសិនបើអ្នកលុបចោលការជាវរបស់អ្នក នោះអ្នកនឹងនៅតែអាចចូលប្រើ Google One សម្រាប់​រយៈពេល​ទូទាត់ប្រាក់​បច្ចុប្បន្ន​របស់អ្នក​ដែល​នៅសល់ លើកលែងតែអ្នកមានសិទ្ធិលុបចោលភ្លាមៗ ឬមានសិទ្ធិលុបចោល ឬដកការយល់ព្រមផ្សេងទៀត ដូចដែលបានរៀបរាប់បន្ថែមនៅក្នុងមជ្ឈមណ្ឌល​ជំនួយ។ ប្រសិនបើអ្នកមានសិទ្ធិក្នុងការដកការយល់ព្រម ហើយចង់ប្រើសិទ្ធិនេះ អ្នកត្រូវតែជូនដំណឹងអំពីការសម្រេចដកការយល់ព្រមរបស់អ្នកតាមរយៈសេចក្ដីថ្លែងការណ៍ច្បាស់លាស់ទៅអ្នក​លក់ដែលអ្នកបានជាវ។ ប្រសិនបើអ្នកស្នើសុំឱ្យចាប់ផ្ដើមដំណើរការសេវាកម្មក្នុងអំឡុងពេលដកការយល់ព្រម អ្នកអាចតម្រូវឱ្យបង់ប្រាក់ក្នុងចំនួនបែងចែកតាមសមាមាត្រទៅនឹងសេវាកម្មដែលបានផ្ដល់រហូតទាល់តែអ្នកបានជូនដំណឹងទៅអ្នកលក់ឱ្យដកការយល់ព្រមរបស់អ្នកពីកិច្ចសន្យា។

ប្រសិនបើអ្នកជ្រើសរើសលុប Google One តាមរយៈការលុបសេវាកម្ម មានន័យថាអ្នកយល់ព្រមថា អ្នកអាចបាត់បង់សិទ្ធិចូលប្រើប្រាស់សេវាកម្ម Google One ភ្លាមៗ។ ប្រសិនបើអ្នកចង់រក្សាទុកសេវាកម្ម Google One សម្រាប់​រយៈពេល​ទូទាត់ប្រាក់របស់អ្នក​ដែល​នៅសល់ សូមលុបចោលការជាវរបស់អ្នក ជំនួសឱ្យការលុប Google One។

ការបង្វិលសង។ ប្រសិនបើអ្នកបានទិញការជាវ Google One ឬក្រេឌីត AI នោះគោលការណ៍បង្វិលសងនឹងត្រូវបានអនុវត្ត។ អ្នកនឹងត្រូវទាក់ទងអ្នកលក់ដែលអ្នកបានជាវ ដើម្បីស្នើសុំការបង្វិលសង។ អ្នកអាចមានសិទ្ធិអ្នកប្រើប្រាស់ក្រោមច្បាប់ជាធរមានដែលមិនអាចរងការដាក់កំហិតពីកិច្ចសន្យាទេ។ លក្ខខណ្ឌទាំងនេះមិនដាក់កំហិតលើសិទ្ធិទាំងនោះឡើយ។

5. សេវាជំនួយអតិថិជន

Google One អាចរួមបញ្ចូលការចូលប្រើសេវាជំនួយ​​អតិថិជននៅលើសេវាកម្មមួយចំនួនរបស់ Google។ ក្នុងករណីដែលសេវាជំនួយអតិថិជនមិនអាចជួយអ្នកពាក់ព័ន្ធនឹងសំណើរបស់អ្នកបានទេ យើងអាចផ្ទេរ ឬបញ្ជូនអ្នកបន្តទៅសេវាជំនួយអតិថិជនរបស់សេវាកម្ម Google ដែលពាក់ព័ន្ធ។ ប្រសិនបើការជាវ Google One របស់អ្នកត្រូវបានលុបចោល ឬផ្អាក នោះបញ្ហាទាក់ទងនឹងសេវាជំនួយ​​អតិថិជនដែលមិនទាន់បានដោះស្រាយរបស់អ្នកក៏អាចនឹងត្រូវផ្អាកផងដែរ ហើយអ្នកប្រហែលជាត្រូវដាក់បញ្ជូនសំណើសុំថ្មី បន្ទាប់ពីអ្នកបានស្ដារការជាវរបស់អ្នកឡើងវិញ។ សូម​ចូលទៅកាន់មជ្ឈមណ្ឌល​ជំនួយរបស់យើង ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីសេវាជំនួយ​​អតិថិជន។

6. ការចែករំលែក​ជាមួយគ្រួសារ

ការជាវ Google One របស់អ្នកអាចឱ្យអ្នកចែករំលែកអត្ថប្រយោជន៍មួយចំនួនជាមួយក្រុម​គ្រួសាររបស់អ្នក (“ការចែករំលែក​ជាមួយគ្រួសារ”)។ ប្រសិនបើអ្នកមិនចង់ចែករំលែកអត្ថប្រយោជន៍ណាមួយជាមួយក្រុមគ្រួសាររបស់អ្នកទេ អ្នកត្រូវតែបិទការចែករំលែក​ជាមួយគ្រួសារសម្រាប់ Google One ឬចាកចេញពីក្រុមគ្រួសាររបស់អ្នក។ មានតែអ្នកគ្រប់គ្រងគម្រោង Google One ប៉ុណ្ណោះដែលអាចបញ្ចូលសមាជិកគ្រួសារ និងបើកឬបិទការចែករំលែកជាមួយគ្រួសារនៅលើការជាវ Google One បាន។ សូម​ចូលទៅកាន់មជ្ឈមណ្ឌល​ជំនួយដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការចែករំលែក​ជាមួយគ្រួសារ។

ប្រសិនបើអ្នកជាសមាជិកក្រុមគ្រួសារមួយនៅលើ Google One នោះសមាជិកក្រុមគ្រួសាររបស់អ្នកនឹងអាចមើលឃើញព័ត៌មានមួយចំនួនអំពីអ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកចូលរួមក្នុងក្រុមគ្រួសារមួយ ដោយបើកមុខងារចែករំលែកជាមួយគ្រួសាររបស់ Google One នោះសមាជិកផ្សេងទៀត (និងអ្នកទទួលការអញ្ជើញឱ្យចូលរួម) ក្នុង​ក្រុមគ្រួសារអាចមើលឃើញឈ្មោះ, រូបថត, អាសយដ្ឋានអ៊ីមែល, ឧបករណ៍ដែលអ្នកបានបម្រុងទុក, ក្រេឌីត AI ដែលបានប្រើ និងចំនួនទំហំផ្ទុកដែលអ្នកកំពុងប្រើ។ សមាជិកក្រុមគ្រួសារក៏អាចមើលឃើញថាតើមានអត្ថប្រយោជន៍បន្ថែមមួយចំនួនដែលរួមបញ្ចូលជាមួយការជាវ Google One ត្រូវបានប្ដូរយកដោយសមាជិកគ្រួសារហើយឬនៅផងដែរ។

ប្រសិនបើអ្នកជាអ្នក​គ្រប់គ្រង​គម្រោង Google One នៅក្នុងក្រុមគ្រួសាររបស់អ្នក ហើយអ្នកបិទដំណើរការការចែករំលែកជាមួយគ្រួសារ ឬចាកចេញពីក្រុមគ្រួសាររបស់អ្នក នោះសមាជិកផ្សេងទៀតនៃក្រុមគ្រួសាររបស់អ្នកនឹងបាត់បង់សិទ្ធិចូលប្រើការជាវ Google One។ ប្រសិនបើអ្នកទទួលបានសិទ្ធិចូលប្រើប្រាស់ Google One តាមរយៈការចែករំលែកជាមួយគ្រួសារពីអ្នក​គ្រប់គ្រង​គម្រោង Google One របស់អ្នក នោះអ្នកនឹងបាត់បង់សិទ្ធិចូលប្រើប្រាស់ Google One ប្រសិនបើអ្នកចាកចេញពីក្រុមគ្រួសាររបស់អ្នក ឬប្រសិនបើអ្នកគ្រប់គ្រងគម្រោង Google One របស់អ្នកបិទការចែករំលែកជាមួយគ្រួសារ ឬចាកចេញពីក្រុមគ្រួសារ។

7. ការបម្រុងទុក និងការស្ដារលើឧបករណ៍ចល័ត

Google One អាចរួមបញ្ចូលមុខងារបម្រុងទុក និងស្ដារ (“ការបម្រុងទុក និងការស្ដារ”) ទិន្នន័យប្រសើរជាងមុន សម្រាប់ឧបករណ៍ចល័តដែលមានលក្ខណៈគ្រប់គ្រាន់។ ការប្រើប្រាស់ការបម្រុងទុក និងការស្ដារអាចតម្រូវឱ្យមានការដំឡើង និងការបើកដំណើរការកម្មវិធីបន្ថែមដូចជា Google រូបថតជាដើម។ អ្នកអាចផ្លាស់ប្ដូរជម្រើសបម្រុងទុក និងស្ដាររបស់អ្នកបានគ្រប់ពេលនៅក្នុងកម្មវិធី Google One។ ប្រសិនបើការជាវ Google One របស់អ្នកត្រូវបានផ្អាក ឬលុបចោល អ្នកអាចបាត់បង់សិទ្ធិចូលប្រើប្រាស់ទិន្នន័យដែលបានរក្សាទុកក្នុងការបម្រុងទុក និងការស្ដារបន្ទាប់ពីមួយរយៈពេលដោយអនុលោមតាមគោលការណ៍បម្រុងទុក Android។